សមាគមសារព័ត៌មានចំនួន០៥ បើកវគ្គបណ្ដុះបណ្ដាលជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅរាជបណ្ឌិត្យសភាកម្ពុជា

សមាគមសារព័ត៌មានចំនួន០៥ បើកវគ្គបណ្ដុះបណ្ដាលជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅរាជបណ្ឌិត្យសភាកម្ពុជា

ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី បើកវគ្គបណ្ដុះបណ្ដាលពិសេសលើកទី៤ ជូនសិក្ខាកាម ចំនួន ៦៨៤នាក់, ដែលមានការចូលរួមពី ឯកឧត្ដមបណ្ឌិត ជា ដែន អនុរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្ដម លឹម សុគន្ថា អគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ,អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយក ក្រុមហ៊ុនវឌ្ឍន:ប្រូវើរី  លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា នាព្រឹកថ្ងៃសៅរ៍ ១២កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤។

ថ្លែងនៅក្នុងពិធីបើកវគ្កបណ្តុះបណ្តាលនាព្រឹកនេះ ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន បានមានមតិសំណេះសំណាល និងផ្តាំផ្ញើរទៅសិក្ខាកាមទាំង៦៨៤រូប ដែលបានចូលរួម ត្រូវតែព្យាយាមក្រេបយកនូវចំណេះដឹង ពីគ្រូឧទ្ទេសដែលមានបទពិសោធន៏យូរឆ្នាំ គ្រាន់ទុកជាស្ពាន និងជាយាន្ដ ផ្ដល់ជាចំណេះដឹង និងជំនាញ ឱ្យសិក្ខាកាមយកទៅប្រើប្រាស់ ប្រកបដោយភាពល្អប្រសើរក្នុងជីវភាពប្រចាំថ្ងៃ និងទៅអនាគត។

ឯកឧត្ដមបណ្ឌិត ជា ដែន អនុរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានកិត្ដិយស សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា បានធ្វើការកោតសរសើរ ចំពោះសមាគមសារព័ត៌មាន ដែលបានរួមគ្នាបង្កើតឡើងនូវឱកាស សិក្សា និងការចែករំលែកចំណេះដឹង និងបទពិសោធន៍ជូនអ្នកសារព័ត៌មាន ក៏ដូចជា សិស្ស និស្សិត និងមន្ដ្រីរាជការ ហើយក៏ជាការចូលរួមក្នុងការអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា លើវិស័យសារព័ត៌មាន។

លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា បានថ្លែងប្រាប់អោយដឹងថា វគ្គបណ្តុះបណ្តាលពិសេសលើកទី៤ ក្រោមប្រធានបទ «មូលដ្ឋានគ្រឹះគ្រប់គ្រងព័ត៌មានបែបឌីជីថល» គឺបានលើកយក នូវមេរៀនដែលជាការឆ្លើយតប យ៉ាងសំខាន់ លើវិស័យព័ត៌មាន និងព័ត៌មានវិទ្យា លើការគ្រប់គ្រងសណ្ដាប់ធ្នាប់ព័ត៌មាន និងបានបង្ហាញឱ្យឃើញពីទិដ្ឋភាព នៃសិទ្ធិបញ្ចេញមតិ សិទ្ធិក្នុងការទទួលយកព័ត៌មាន ក្របខ័ណ្ឌច្បាប់ និងការផ្សព្វផ្សាយព័ត៌មានលើបណ្ដាញឌីជីថល និងដើម្បីជាការផ្ដល់នូវចំណេះដឹង ជំនាញ និងបទពិសោធន៍ល្អៗជាច្រើនទុកជាទុនសម្រាប់សិក្ខាកាម ក៏ដូចជាអ្នកសារព័ត៌មានអាចរក្សាទុក ដើម្បីធ្វើការអនុវត្តលើវិស័យសារព័ត៌មាន ប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈ។
លោកបណ្ឌិតបានបន្ដទៀតថា វគ្គបណ្ដុះបណ្ដាលនាឱកាសនេះ គឺទទួលបានការគាំទ្រ និងការលើកទឹកចិត្តដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្ដម នេត្រ ភក្ដ្រា រដ្ឋមន្ដ្រី ក្រសួងព័ត៌មាន និងបានផ្ដល់នូវកិត្ដិយសធ្វើបទបង្ហាញផ្ទាល់ជូន សិក្ខាកាម ចំនួន៦៨៤នាក់ផងដែរ។

គួររំលឹកផងដែរថា វគ្គបណ្ដុះបណ្ដាលពិសេសលើកទី៤ នេះ ត្រូវបានរៀបចំឡើងដោយ សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា និងសមាគម សារព័ត៌មាន អេឡិចត្រូនិច អឹម អេស ជេ និងរួមសហការរៀបចំពី សមាគមសារព័ត៌មានគេហទំព័រកម្ពុជា សមាគមអ្នកសារព័ត៌មានយុវជន និងសមាគមអ្នកសារព័ត៌មានមាគ៌ាសន្ដិភាព និងទទួលបានការគាំទ្រពីក្រសួងបរិស្ថាន ព្រមទាំងមានការចូលរួមឧបត្ថម្ភធំលើការសម្រួលកម្មវិធីពីសំណាក់ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយក ក្រុមហ៊ុន VATTANAC BREWERY ផងដែរ។

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top