ធនាគារសំរាមជួយឱ្យកោះទ្រង់ស្អាតទាក់ទាញទេចរណ៍

ធនាគារសំរាមជួយឱ្យកោះទ្រង់ស្អាតទាក់ទាញទេចរណ៍

ធនាគារសំរាម ដែលសំដៅដល់ប្រព័ន្ធគ្រប់គ្រងសំរាម-សំណល់រឹងនៅសង្កាត់កោះទ្រង់ ក្រោមគម្រោងស្ដីពី ការកាត់បន្ថយ ការប្រើប្រាស់ឡើងវិញ និងការកែច្នៃសំណល់ ដើម្បីការពារបរិស្ថានសមុទ្រ និងផ្កាថ្ម (3RproMar) ដែលផ្តោតសំខាន់ លើសកម្មភាពគោលធំៗចំនួន ៣ អនុលោមតាមគោលការណ៍ ណែនាំស្តីពី សំណល់សូន្យសម្រាប់សហគមន៍របស់ក្រសួងបរិស្ថាន និងគាំទ្រដោយអង្គការដៃគូ ដែលរួមមាន កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ GIZ, The Asia Foundation និងអង្គការអប់រំបរិស្ថាន និងកែច្នៃសំណល់ បានធ្វើឱ្យកោះទ្រង់កាន់តែមានភាពស្អាត និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកសម្រាកលំហែរ និងលេងកម្សាន្តជារៀងរាល់ថ្ងៃ។ នេះបើតាមការលើកឡើង របស់លោក សំ បួយ ចៅសង្កាត់កោះទ្រង់នៅក្នុងកម្មវិធីចុះពិនិត្យការគ្រប់គ្រងទុកដាក់សំណល់នៅកោះទ្រង់ខេត្តក្រចេះ របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៤។

ជាមួយគ្នានេះលោកចៅសង្កាត់កោះទ្រង់ បានគូសបញ្ជាក់ថា ធនាគារសំរាម គឺជាប្រព័ន្ធគ្រប់គ្រងសំរាម-សំណល់រឹង តាមរយៈការបែងចែកសំរាមចេញជា ៣ដំណាក់កាល ក្នុងនោះទី១ បែងចែកទុកសំរាមអេតចាយសម្រាប់យកទៅកែច្នៃឡើងវិញ ទី២ សំណល់ពីតាមផ្ទះរបស់ប្រជាពលរដ្ឋ និងសហគមន៍ ធ្វើជាជីសិរីរាង្គសម្រាប់ប្រើប្រាស់លើដំណាំកសិកម្ម និងទី៣ សំណល់ដែលនៅសល់មិនអាចកែឆ្នៃបាន វេចខ្ចប់ឱ្យស្អាត និងយកទៅបោះចោលនៅទីលានចាក់សំរាម។

គួររម្លឹកជូនថា កោះទ្រង់ដែលមានផ្ទៃដីជាង ២០០ហិកតា គឺជាតំបន់ដែលមានសក្តានុពលនៃវិស័យអេកូ-ទេសចរណ៍បែបធម្មជាតិមួយដ៏ត្រកាលក្នុងចំណោមតំបន់ជាច្រើនទៀតរបស់ខេត្តក្រចេះ។ កោះនេះមានឆ្នេរខ្សាច់អមដោយទឹកទន្លេថ្លាយង់នារដូវប្រាំង ដែលលាតសន្ធឹងតាមបណ្តោយកោះផ្នែកខាងកើត ទល់មុខនឹងទីរួមខេត្តក្រចេះ គួរជាទីគយគន់ និងការធ្វើដំណើរកំសាន្តដ៏មនោរម្យ របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសគឺការស្រូបយកជំនោរដ៏បរិសុទ្ធពីធម្មជាតិ។

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top